ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការណែនាំដល់មន្រ្តីមួយចំនួនជាបុរសកុំឲ្យប្រពន្ធនិងកូនរបស់ខ្លួនលូកលាន់ការងាររបស់ខ្លួនជាពិសេសយកអំណាចរបស់ខ្លួនទៅប្រើប្រាស់ដែលនាំអោយមានបញ្ហានិងដែលនាំឲ្យគ្រោះថ្នាក់ដល់សង្គមផងដែរ។
សម្ដេចតេជោបានថ្លែងថា «« អារឿងប្ដីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥ វាជារឿងគ្រោះថ្នាក់ខ្លាំងណាស់នៅក្នុងសង្គម។ ស្ថានភាពនេះវាមិនត្រឹមតែគ្រោះថ្នាក់នៅក្នុងសង្គមកម្ពុជាយើងតែប៉ុណ្ណោះទេប្រទេសដទៃក៏ជួបបញ្ហានេះដែរ នៅពេលប្ដីធ្វើការល្អតែប្រពន្ធលូកលាន់ ដោយទៅរកស៊ី ឯកូនយកអំណាចឪពុកដើរគំរាមកំហែងគេ »»។
សម្ដេចតេជោបានធ្វើការផ្ដាំផ្ញើដល់មន្រ្តីនៅទូទាំងប្រទេស សូមធ្វើការប្រយ័ត្នប្រយ៉ែងពីបញ្ហានេះ ព្រោះចរិកខ្មែរយើងគឺស្អប់ណាស់អារឿងប្ដីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥នេះ។ ហើយបើមានមន្រ្តីណាមួយមានបញ្ហានេះវានិងធ្វើការតែងតាំងមន្រ្តីជួបបញ្ហាព្រោះតែរឿងការពារកូនប្រពន្ធខ្លួនឯង។ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា«ពេលខ្លះប្ដីអន្តរាយអស់យសស័ក្តិ អស់តំណែងក៏ដោយសារប្រពន្ធកូនខ្លួនឯងនេះដែរ»៕