តាកែវ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅលើបណ្ដោយផ្លូវខេត្តលេខ ២១ ស្ថិតនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ដែលបង្កឡើងរថយន្តដឹកដីមួយគ្រឿងបើកបរដល់ផ្លូវប្រសព្វជាបួនមិនប្រយ័ត្នបានបុកអ្នកបើកបរម៉ូតូបណ្តាលឲ្យអ្នកបើកបរនិងអ្នករួមដំណើរស្លាប់និងរបួសគួរឲ្យសង្វែក។

បើយោងតាមរបាយការណ៍ របស់ លោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅផ្លូវខេត្តលេខ២១ ស្ថិតក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ វេលាម៉ោង១៩និង៣០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ រវាងរថយន្តដឹកដីនិងម៉ូតូ។ រថយន្តបង្កម៉ាក់នីសាន់ចង្កូតស្តាំ ពណ៌ខៀវ ពាក់ស្លាកលេខ PP 1511 បើកបរដោយឈ្មោះ សាំង សៅ ប្រុស៣៦ឆ្នាំ មុខរបរបើកបររថយន្តដឹកដី រស់នៅភូមិត្រពាំងអំពាក់ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ បើកបរពីជើងទៅត្បូង មកដល់ចំណុចផ្លូវប្រសព្វជាបួននៅទីតាំងកើតហេតុបានបុកម៉ូតូមួយគ្រឿងម៉ាកវីសឹន ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ សែម វន្នី ភេទស្រី អាយុ១៧ឆ្នាំ មុខរបរលក់កាហ្វេ រស់នៅភូមិព្រៃផ្អេ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ស្លាប់នៅកន្លែងកើតហេតុ។ ចំណែកអ្នករួមដំណើរឈ្មោះ គូ ស្រីនិច ភេទស្រី អាយុ១៩ឆ្នាំ មុខរបរលក់កាហ្វេ រស់នៅភូមិសឹង្ហ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ របួសស្រាល។

ក្រោយកើតហេតុប៉ូលីសជំនាញ នៃអធិការនគរបាលក្រុងដូនកែវបានចុះវាស់វែងនិងបាននាំយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី។ រីឯអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួនយកមកសួរនាំដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕