តាកែវ៖ ក្រុមយុវជន១ក្រុម កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ បានផឹកស៊ីនៅចំណុច ភូមិក្លែងចង់ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ហើយបានទាស់ទែងពាក្យសម្ដីដាក់គ្នា បណ្ដាលឲ្យយុវជន ២នាក់ ត្រូវជាបងប្អូនបង្កើត កាប់លើយុវជនម្នាក់ទៀតរងរបួសធ្ងន់។
បើយោងតាមការបញ្ជាក់ពី លោកវរេសេនីយ៍ទោ ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានប្រាប់ថាបន្ទាប់ពីកើតហេតុកំលាំងសមត្ថកិច្ច បានឃាត់ខ្លួនជនបង្កបានភ្លាមៗ ដោយទី១មានឈ្មោះ ក្រឹម ចាន់ឌឿន អាយុ២៧ឆ្នាំ មុខរបបរមិមពិតប្រាកដ ទី២ឈ្មោះ ក្រឹម ចាន់ឌី អាយុ២៣ឆ្នាំ មុខរបបរមិនពិតប្រាកដ រស់នៅភូមិក្លែងចង់ ឃុំកំពង់រាប ស្រុកព្រៃកប្បាស។
លោកអធិការស្រុកបានបន្តថា ក្នុងពេលផឹកស៊ីបានបន្តិចយុវជនទាំង២បងប្អូនបង្កើតបានទាស់ទែងពាក្យសម្ដីដាក់គ្នាជាមួយយុវជនម្នាក់ទៀត ភ្លាមនោះ ឈ្មោះ ក្រឹម ចាន់ឌឿន បានទាញកាំបិតកាប់ទៅ ឈ្មោះ ចែម ម៉ាយ អាយុ២១ឆ្នាំ មុខរបបរ កសិករ រស់នៅភូមិឃុំខាងលើ ត្រូវពីរកន្លែង មួយកន្លែងរបួសនៅក្រោមឆ្អឹងជំនីនៅខាងក្រោមដោះខាងស្ដាំ និងមួយកន្លែងទៀតរបួសនៅត្រង់កំភួនដៃឆ្វេង។
បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក រីឯជនបង្កត្រូវបានកំលាំងជំនាញកំពុងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕


