ភ្នំពេញ៖ ផ្លូវជាតិលេខ២​ និង២២​ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី​១១​ ខែកុម្ភៈ​ ឆ្នាំ២០២០​ខាងមុខនេះ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និង២២ មានប្រវែងសរុប ៧២,១៧គ.ម​ នឹង​ត្រូវបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា។ 
សូមបញ្ជាក់ដែរថា គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ២ និង​ផ្លូវលេខ២២ មាន​ប្រវែង​សរុប ៧២,១៧​គីឡូម៉ែត្រគ្រោង​​នឹង​ចំណាយ​ថវិកា​ប្រមាណ​ ៥៦លាន​ដុល្លារ​អាមេរិក​ ក្រោម​កម្ចី​ឥណទាន​ពី​រដ្ឋាភិបាល​កូរ៉េ​ និង​ថវិកា​រ​ប​ដិ​ភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ប្រមាណ​ ៨.៥លាន​ដុល្លារ​អាមេរិក។ គម្រោង​នេះ ឆ្លង​កាត់​រាជធានី-ខេត្ត​ចំនួន៣ រួមមាន​ខេត្ត​កណ្តាល រាជធានី​ភ្នំពេញ និង​ខេត្ត​តាកែវ​ ដោយ​ធ្វើការបែងចែក​ជា៣​កំណាត់​ផ្លូវធំៗមាន​ដូចជា៖
 -កំណាត់​ទី១៖ ចាប់​ផ្តើម​ចេញពី​រង្វង់មូលតាខ្មៅ ដល់រង្វង់មូលស្រ្តី​បីកួរស្រូវ ដែលមាន​ប្រវែង ៨,៧​គ.ម។ ពង្រីកពី ២គន្លង ទៅ ៤គន្លង ដែលនៅ​តំបន់​ទីប្រជុំជន ប្រវែង ៤,៣គ.ម មាន​ទទឹង​ផ្លូវ ១៥ម និង​ក្រៅ​តំបន់​​ទីប្រជុំជន​មាន​ទទឹង​ផ្លូវ ២០,៥ម។ កំណាត់​ផ្លូវនេះ​ក្រាល​បេតុង​កៅស៊ូ (AC) ដែលមានកម្រាស់​ ១២ស.ម។
-កំណាត់​ទី២៖ ចាប់ផ្តើម​ពីរង្វង់​មូល​ស្រ្តីបីកួរស្រូវ ដល់​រង្វង់មូល​អូរចំបក់ ដែលមាន​ប្រវែង​ ៥៣,៨១គ.ម ស្ថិតក្នុងតំបន់​ជនបទ។ កំណាត់​ផ្លូវនេះ​មាន ២គន្លង និង​ទទឹង ១៣ម ក្រាល​បេតុង​កៅស៊ូ (AC) ដែល​មាន​កម្រាស់ ១០ស.ម។
-កំណាត់​ទី៣៖ ចាប់ផ្តើម​ពីរង្វង់​មូលអូរចំបក់ ដល់​ផ្សារអង្គតាសោម (ផ្លូវជាតិ​លេខ២២) ដែលមានប្រវែង​ ៩,៦គ.ម ស្ថិតក្នុងតំបន់​ជនបទ។ កំណាត់​ផ្លូវនេះ មាន​ទំហំ​ទទឹងផ្លូវ​សរុប ១៣ម ក្រាល​បេតុងកៅស៊ូ (AC) ដែលមាន​កម្រាស់ ​១០​សម​៕