ខេត្តតាកែវ៖ ដំណាំកញ្ឆានៅជួរភ្នំបាយ៉ងកោ ស្រុកគិរីវង់ គឺត្រូវបានក្រុមជនខិលខូតបានលួចធ្វើការដាំដុះជាច្រើនឆ្នាំកន្លងមកហើយ ប៉ុន្តែអំឡុងពេលចុះបង្រ្កាបកាប់ដុតបំផ្លាញចោលនោះ គឺសមត្ថកិច្ចនគរបាល អាវុធហត្ថ មិនដែលឃាត់ខ្លួនបានម្ដងណាឡើយ ជាក់ស្ដែងនេះជាលើកទី១ ដែលសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ ២នាក់ ដែលអ្នកធ្វើការដាំដុះកញ្ឆា។
បើយោងតាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានប្រាប់ FNA នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះ លោកបានបញ្ជាក់ថា៖ ដើម្បីលុបបំបាត់ទាំងស្រុងចំពោះបញ្ហាបទល្មើសនៃការលួចលាក់ដាំដុះកញ្ឆាខុសច្បាប់ក្នុងមូលដ្ឋានខេត្តតាកែវ ជាពិសេសស្រុកគិរីវង់ ដែលមានភូមិសាស្ត្រស្មុគ្រស្មាញ អំណោយផលដល់ការលួចដាំដំណាំកញ្ឆា ក្នុងរយៈពេល០២ថ្ងៃ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ០២នាក់ និងបំផ្លាញដំណាំកញ្ឆាខុសច្បាប់ចំនួន០៩ទីតាំងផ្សេងគ្នា ក្នុងភូមិសាស្ត្រឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ។ ជាក់ស្តែង នៅថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានចុះបង្ក្រាប កាប់បំផ្លាញ និងដុតដំណាំកញ្ឆាខុសច្បាប់ចំនួន ០៩ទីតាំង លេីផ្ទៃដីប្រមាណ ១.០២២ម៉ែត្រការ៉េ និងបំផ្លាញចោលអាងស្តុកទឹកចំនួន០៤កន្លែង ស្ថិតនៅចំណុចដុបអាងស្រង៉ែ និងចំណុចបែកថ្លាង ក្នុងភូមិសាស្រ្តឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ។

ក្នុងប្រតិបត្តិការខាងលើ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ភ្លាមៗខណៈពេលពួកគេកំពុងនៅចាំមើលថែទាំចំការកញ្ឆា ។ ជនសង្ស័យទាំងពីរនាក់ រួមមានទី១.ឈ្មោះធុន ឡោន ភេទប្រុស អាយុ ៥០ឆ្នាំ ទីលំនៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ខេត្តតាកែវ និងទី២ឈ្មោះប៉ុន ហាវ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា ខណៈពេលជនសង្ស័យនៅក្នុងចំការកញ្ឆា។

បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងបន្តស្រាវជ្រាវ ស្វែងរកចាប់ខ្លួនបក្ខពួកដែលរត់គេចខ្លួន ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕