តាកែវ៖ អាងទំនប់ទឹកត្នោតទរ ដែលស្ថិតនៅក្នុងឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ត្រូវបានគោករីង ស្ទើរតែទាំងស្រុង ខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះ បានចេញសារាចរណ៏ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ថែរក្សាទឹកទុកប្រើប្រាស់នៅពេលខាងមុខដែលរដូវប្រាំង ត្រូវបានអូសបន្លាយរយៈពេលវែងនៅក្នុងឆ្នាំនេះ។
នៅក្នុងការចុះយកព័ត៌មាន ដល់កន្លែងអាងទំនប់ទឹកត្នោតទរ ដែលស្ថិតនៅក្នុងស្រុកសំរោង អ្នកយកព័ត៌មានយើង បានឃើញពីទិដ្ឋភាពអាងទំនប់ទឹកត្រូវគោករីងស្ទើរតែទាំងស្រុង នៅពេលដែលប្រជាពលរដ្ឋរស់នៅតំបន់នោះមួយចំនួនបានធ្វើការអះអាងថា ការរីងស្ងួតនេះដោយសារប្រជាពលរដ្ឋពលនៅគ្នុងតំបន់នេះបានធ្វើសកម្មភាពបូមបៀចាប់ត្រី និងប្រជាកសិកខ្លះបានបូមទឹកដាក់ស្រែជាលើកទី២ ឬទី៣ របស់គាត់ដោយខ្ជះខ្ជាយ ព្រមទាំងមានពលរដ្ឋខ្លះដែលមានស្រែអាស្រ័យផលក្នុងផ្ទៃបឹងនោះ ចង់ឆាប់បានធ្វើស្រែឡើងវិញ និងគ្មានការយកចិត្តទុកដាក់ពី អាជ្ញាធរឃុំទ្រា ឬអាជ្ញាធរស្រុកសំរោងនោះទេ។
បើតាមការអះអាងរបស់ប្រជាពលរដ្ឋមួយចំនួន បានចោទអាជ្ញាធរឃុំ និងអាជ្ញាធរស្រុកថា អសមត្ថភាពក្នុងការថែរក្សាទឹក ក្នុងអាងទំនប់នេះឲ្យបានគង់វង្សដែលនាំឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានព្រួយបារម្ភពីផលប៉ះពាល់ នៃការខ្វះខាតទឹកប្រើប្រាស់នៅពេលខាងមុខ ហើយម្យ៉ាងទៀតអាជ្ញាធឃុំនិងស្រុកហាក់ដូចជាថ្គើន និងសារាចរន៏ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានចេញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ថែរក្សាទឹកទុកប្រើប្រាស់នៅពេលខាងមុខ។
ពាក់ព័ន្ធរឿងអាងទំបន់ទឹកត្នោតទេរីងហួតហែងនេះ អភិបាលស្រុកលោក កេត ម៉ៅ មិនអាចសុំការពន្យល់បានទេនៅថ្ងៃនេះ។
ក្រុមប្រជាពលរដ្ឋនៅតំបន់នោះបានស្នើឲ្យរាជរដ្ឋាភិបាលជាពិសេសក្រសួងធនធានទឹកនិងលោកអភិបាលខេត្តតាកែវលោក អ៊ូច ភា ពិនិត្យមើលករណីនេះផង ព្រោះរាជរដ្ឋាភិបាលបានចេញសារាចរណ៏ណែនាំដល់អភិបាលរាជធានី ខេត្ត ទូទាំងប្រទេសរូចហើយឲ្យថែរក្សាទឹកទុកប្រើប្រាស់នៅពេលខាងមុខ ចុះហេតុអ្វីបានជាអាងទំនប់ទឹកត្នោតទេដ៏ធំមួយនៅក្នុងខេត្តតាកែវ បែរជារីងស្ងួតហួតហែងបែបនេះទៅវិញ? ឬមួយអាជ្ញាធខេត្តតាកែវកំពុងតែផ្គើននិងសារាចរណ៏ណែនាំរបស់រាជរដ្ឋាភិបាល?៕






