ទីបំផុតទៅបន្ទាប់ពីរកទីសំចតមិនបានអស់រយៈពេល១២ថ្ងៃ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក «Westerdam» បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុហើយ បន្ទាប់ពីទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។
នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក «Westerdam» ដែលផ្ទុកមនុស្សសរុបប្រមាណ ២២០០នាក់ ក្នុងនោះអ្នកទេសចរប្រមាណ១៤៥៥នាក់ និងបុគ្គលិកបម្រើការ ៨០២នាក់ បានចេញធ្វើដំណើរចេញពីទីក្រុងហុងកុង កាលពីថ្ងៃទី០១ ខែកុម្ភៈ ដើម្បីចូលទៅប្រទេសហ្វីលីពីន តែត្រូវអាជ្ញាធរនេះបដិសេធ ដោយបារម្ភខ្លាចអ្នកទេសចរនៅលើនាវានេះមានផ្ទុកជំងឺថ្មី ដែលបង្កដោយមេរោគ «កូរ៉ូណា» ឬ «COVID19»៕






