ភ្នំពេញ៖ សំណុំរឿងក្ដីលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងបងប្រុស ឡាយ ណារិទ្ធិ អតីតស្នងការរងខេត្តតាកែវ នឹងត្រូវសាលាឧទ្ធរណ៍បើកសាវនាការលើបណ្ដឹងឧទ្ធរណ៍នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ បន្ទាប់ពីការប្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទទាំង២នាក់បងប្អូន កើតទុក្ខមិនសុខចិត្តនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញដែលបានចោទប្រកាន់ និងផ្ដន្ទាទោសយ៉ាងធ្ងន់ធ្ងរលើពួកគាត់ទាំង២ក្នុងរឿងការស្លាប់របស់លោកស្រី ចេវ សុវឌ្ឍនា នៅឯខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ កន្លងទៅ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតកម្ពុជាថ្មីនៅថ្ងៃនេះ។
គួបញ្ចាក់ថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោស លោក ឡាយ វណ្ណៈ អតីតៈអភិបាលខេត្តតាកែវដាក់ពន្ធនាគារ១៣ឆ្នាំ ក្រោមការចោទប្រកាន់ ពីបទឃាតកម្មតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ដោយឡែកលោកឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ ជាបងបង្កើតរបស់ លោមឡាយ វណ្ណៈ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់១០ឆ្នាំ។ ចំណែកឈ្មោះ ជឹម វុធ និងម៉ែន សាម៉ៃ ដែលជាអ្នកបំរើនិងជាអ្នកបើកររថយន្តសាលក្រមសម្រេចដាក់ពន្ធនាគារកំណត់ក្នុងម្នាក់ៗ២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ លាក់កំបាំងតម្រុយ តាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ។ អ្វីដែលគួឲ្យកត់សម្គាល់ក្នុងសាលក្រមនេះ ចៅក្រមមិនបង្គាប់ឲ្យជនជាប់ចោទសងសំណងរដ្ឋប្បវេណីទៅគ្រួសារជនរងគ្រោះនោះទេ ដោយសារគ្រួសារជនរងគ្រោះមិនដាក់ពាក្យប្ដឹងទេ ក្នុងសំណុំរឿង។
នៅក្នុងពេលសវនាការកន្លងមក ជនជាប់ចោទ ឡាយ វណ្ណៈ អតីតៈអភិបាលខេត្តតាកែវបានបដិសេធដាច់ខាតថា ខ្លួនពុំបានសម្លាប់ស្រីកំណាន់ នាង ចេវ សុវឌ្ឍនា ទេ គឺនាងធ្វើអត្តឃាតដោយខ្លួនឯងនិងបានស្បថចំពោះមុខក្រុមប្រឹក្សាជំនុំជម្រះថា ”បើខ្ញុំបានសម្លាប់សង្សារមែន សូមឲ្យវត្ថុស័ក្ដិសិទ្ធិបរាមុខខ្ញុំ ឲ្យខ្ញុំ និងប្រពន្ធកូនស្លាប់តៃហោង និងធ្លាក់នរក៩ជាន់ អត់ចាប់ជាតិទៅចុះ”។ ក៏ប៉ុន្តែមន្ត្រីជំនាញនគបាលព្រហ្មទ័ណ្ឌក្រសួងមហាផ្ទៃបានរកឃើញថា ជនរងគ្រោះបានស្លាប់ដោយសារអំពើឃាតកម្ម មុនឃាតកយកសពទៅព្យួរ.ក នៅបង្អួចផ្ទះ។
ករណីឃាតកម្មនេះ ដំបូងឡើយ ត្រូវបានសមត្ថកិច្ចខេត្តតាកែវសន្និដ្ឋានថា ជារឿងអត្តឃាត ព្រោះតែវិបត្តិស្នេហា។ ប៉ុន្តែក្រោយពីបើកការស្រាវជ្រាវសមត្ថកិច្ចជំនាញរបស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានរកឃើញថា ករណីនេះ មិនមែនជារឿងអត្តឃាតឡើយ ពោលគឺជារឿងឃាតកម្មដោយមានអ្នកបញ្ជា និងរៀបចំទុកសម្លាប់ជនរងគ្រោះ។ ទីបំផុត ជនសង្ស័យចំនួន ៤នាក់ មាន លោកឡាយ វណ្ណៈ ផងនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ ដែលបច្ចុប្បន្នកំពុងឃុំខ្លួនក្នុងពន្ធនាគារ។
លោក ឡាយ វណ្ណៈ , លោក ឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុសបង្កើតលោក ឡាយ វណ្ណៈ ត្រូវបានតុលាការចោទប្រកាន់ ពីបទឃាតកម្មប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ បទឃាតកម្មត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ១០ឆ្នាំ ទៅ១៥ឆ្នាំ។
ដោយឡែក ឈ្មោះ ម៉េន សាម៉ៃ អាយុ៣៦ឆ្នាំ និង ឈ្មោះ ជឹម វុធ អាយុ៤១ឆ្នាំ ជាប់ចោទពីបទលាក់បំបាំងតម្រុយ តាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ៕





