ខេត្តតាកែវ៖ រសៀលថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២០ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ រួមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិការសាខា និងអនុសាខាក្រុងដូនកែវ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាទៅផ្តល់ជូនដល់គ្រួសារប្រជាពលរដ្ឋចំនួន៣គ្រួសារ ដែលរងគ្រោះដោយសារអគ្គីភ័យ ឆេះផ្ទះអស់ទាំងស្រុងកាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិចក សង្កាត់ ក្រុងដូនកែវ ខេត្តតាកែវ វេលាម៉ោង៦កន្លះព្រឹក។
នៅក្នុងឱកាសចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ឯកឧត្តម អ៊ូច ភា បានចូលរួមសោកស្តាយយ៉ាងខ្លាំងជាមួយបងប្អូនដែលបានរងគ្រោះ ដោយសារអគ្គីភ័យឆេះផ្ទះអស់ទាំងស្រុងនេះ ហើយក៏បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលងាយបានរងគ្រោះ នៅគ្រប់ទីកន្លែងមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
ឯកឧត្តម អ៊ូច ភា ក៏បានមានប្រសាសន៍ដោយក្រើនរំលឹក ក៏ដូចជាផ្តាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះបញ្ហាអគ្គីភ័យ ឬបញ្ហាទុស្សរខ្សែភ្លើងនេះ ពោលគឺមុន ពេលយើងចាកចេញពីផ្ទះ ត្រូវមើលឲ្យបានសព្វគ្រប់ក្នុងផ្ទះ និងត្រូវបិទកុងទ័រភ្លើង ជៀសវាងកើតមានបញ្ហាជាយថាហេតុ ព្រោះប្រសិនបើយើងមិនមានការប្រុងប្រយ័ត្ននោះទេ សម្ភារៈ ទ្រព្យសម្បត្តិដែលយើង ខំរកស្ទើរពេញមួយចំនួន វានឹងអាចបាត់បោះតែមួយប្របិចភ្នែក ដូច្នោះ យើងត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់។
អំណោយដែលបាននាំយកមកផ្តល់ជូនក្នុងមួយគ្រួសារៗ រួមមាន÷ អង្ករ ២៥ គីឡូក្រាម តង់ធំ១ កន្ទេល ១ មុង ១ ភួយ ១ សារុង ១ ក្រមា ១ អាវយឺត ៥ និងថវិកាមួយចំនួនផងដែរ ៕

