វ៉ាស៊ីនតោន៖ អតីតក្រុមរដ្ឋអាជ្ញានិងក្រុមមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកជាង១.១០០នាក់កាលពីម្សិលមិញនេះបានស្នើឲ្យលោក William Barr រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចុះចេញពីតំណែង បន្ទាប់ពីលោករដ្ឋមន្រ្តីបានធ្វើអន្តរាគមន៍ឲ្យកាត់បន្ថយរយៈពេលជាប់ទោសរបស់លោក Roger Stone ពីបទពុករលួយនយោបាយ។ លោកStone គឺជាមនុស្សម្នាក់ដែលគេចាត់ទុកថាជាមនុស្សជំនិតបំផុតរយៈពេលយូររបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ នេះបើយោងតាមការចុះផ្សាយវិទ្យុសំលេងសហរដ្ឋអាមេរិក។
វិទ្យសំលេងសហរដ្ឋអាមេរិក បានចុះផ្សាយបន្តថា រដ្ឋអាជ្ញាសហព័ន្ធចំនួនបួននាក់នៃក្រសួងយុត្តិធម៌ដែលគ្រប់គ្រងដោយលោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ William Barr បានផ្ដល់អនុសាសន៍ឲ្យកាត់ទោសលោក Stone ក្នុងសប្ដាហ៍នេះ ឲ្យជាប់ពន្ធនាគាររយៈពេល៩ឆ្នាំ បន្ទាប់ពីលោកត្រូវបានចោទប្រកាន់ជាផ្លូវការចំពោះបទចោទចំនួន៧កាលពីខែវិច្ឆិកាកន្លងទៅនេះ។ បទចោទទាំងនោះរួមមានទាំងការកុហកសភា និងការអុកឡុកសាក្សី ដែលពាក់ព័ន្ធនឹងការស៊ើបអង្កេតរយៈពេលយូរលើការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ផងដែរ។
ក៏ប៉ុន្តែទោះជាយ៉ាងណាលោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌និងក្រុមមន្ត្រីកំពូលនៃក្រសួងយុត្តិធម៌បានសម្ដែងការភ្ញាក់ផ្អើលចំពោះរយៈពេលដែលស្នើឲ្យកាត់ទោសលោក Stone។ លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ William Barr បានធ្វើអន្តរាគមន៍ ហើយក្រោយមកក្រសួងយុត្តិធម៌បានឲ្យដឹងថា អនុសាសន៍ពីដំបូងឡើយ«អាចត្រូវបានពិចារណាថាលើសលប់ និងមិនអាចធានាបានទេ» ប៉ុន្តែទុកឲ្យចៅក្រមជាអ្នកសម្រេចលើករណីនេះនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ។
បើតាមវិទ្យសំលេងសហរដ្ឋអាមេរិក អតីតក្រុមរដ្ឋអាជ្ញានិងមន្ត្រីក្រសួងយុត្តិធម៌ បានសរសេរនៅក្នុងលិខិតបើកចំហមួយកាលពីថ្ងៃអាទិត្យថា៖ «យើងម្នាក់ៗសូមធ្វើការថ្កោលទោសធ្ងន់ៗចំពោះការអន្តរាគមន៍របស់លោកប្រធានាធិបតី ត្រាំ និងលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ William Barr ទៅក្នុងកិច្ចការរដ្ឋបាលចៅក្រម»៕


