តាកែវ ៖ អណ្ដូងស្នប់ចំនួន១៦ដែលជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះទឹកស្អាតប្រើប្រាស់ ក្នុងសហគមន៏ នៅក្នុងស្រុក៣របស់ខេត្តតាកែវ ត្រូវបានធ្វើពិធីប្រគល់ជូនដល់ប្រជាពលរដ្ឋនៅក្នុងភូមិបុសតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ខេត្តតាកែវ នៅព្រឹកថ្ងៃ ព្រហស្បត្ត៍ ទី ៦ ខែ កុម្ភៈ ឆ្នាំ ២០២០នេះ ដោយមានការចូលរួមពីឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវនិងជាប្រធាន សាខាកាកបាទ ក្រហមខេត្តតាកែវ និងឯកឧត្តមវិជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់ គ្រងគ្រោះមហន្ត រាយកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក បាទក្រហមកម្ពុជា។
ថ្លែងនៅក្នុងពិធីប្រគល់អណ្ដូងស្នប់ជូនបងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាតទឹកស្អាតប្រើប្រាស់ ឯកឧត្តម អ៊ូច ភា អភិបាល ខេត្តតាកែវនិងជាប្រធានសាខាកាកបាទក្រហមខេត្តតាកែវ កាកបាទក្រហម ដែលមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានរួមចំណែកយ៉ាងច្រើន ជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបទៅនិងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋលើផ្នែកជាច្រើន ដោយក្នុង នោះមានផ្នែកអនាម័យសុខភាពរបស់បងប្អូនប្រជាពលរដ្ឋតាមសហគមន៏ជាពិសេសប្រភពទឹកស្អាតជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបានសម្រាប់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយក្នុងនោះសម្ដេចកិត្តិ ព្រិទ្ធបណ្ឌិត បានផ្ដល់ថវិការចំនួនជិត៣ម៉ឺនដុល្លា សម្រាប់សាងសង់អណ្ដូងស្នប់ចំនួន១៦ នៅក្នុងស្រុក៣របស់ ខេត្ត តាកែវគឺស្រុកបាទី ស្រុកសំរោងនិងស្រុកត្រាំកក់ សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ក្នុង សហគមន៏ ប្រើប្រាស់។
ថ្លែងនៅក្នុងឱកាសនោះផងដែរ ឯកឧត្តមវិជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានពាំនាំនូវបណ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែនឹកនានិងគិតពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ជាពិសេសសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ដូចជានៅក្នុងខេត្តតាកែវ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានចំណាយថវិកាយ៉ាងច្រើន ក្នុងការជួយកសាងអណ្ដូងស្នប់ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ ៕