ភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនិងទិសដៅការងាររបស់ក្រសួងការងារ ដែលរៀបចំឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការព្យាករ និងការវាយតម្លៃថា អាចនឹងមានរោងចក្រ-សហគ្រាសជិត២០០ ដែលប្រឈមនឹងការខ្វះវត្ថុធាតដើមពីចិន ហើយដែលអាចនឹងនាំប៉ះពាល់ដល់កម្មករ-កម្មការីកម្ពុជាប្រហែល១៦ម៉ឺននាក់ផងដែរ នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២០។
អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បានថ្លែងបន្តថា រហូតមកដល់ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ មានរោងចក្រចំនួន១០ហើយ ដែលបានដាក់សំណើរមកក្រសួងការងារសុំព្យួរការងារក៏ប៉ុន្តែ រោងចក្រទាំងនោះ គ្រាន់តែព្យួរការងារផ្នែកខ្លះ ដោយមិនព្យួរទាំងស្រុង ហើយបិទរោងចក្រនោះទេ។ បើតាមលោក ហេង សួរ លោក កម្មករកម្មការិនីតាមរោងចក្រទាំង១០នោះ ដែលមានប្រមាណ៣ពាន់នាក់ ដែលនឹងត្រូវព្យួរការងារ ហើយបញ្ហានេះក្រសួងការងារ កំពុងសម្របសម្រួលជាមួយថៅកែរោងចក្រ ដើម្បីគិតគូរដោះស្រាយប្រាក់ខែនិងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករ-កម្មការិនីទាំងអស់នេះ។
គួបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា កម្មករ-កម្មការិនី ដែលត្រូវព្យួរការងារ នឹងទទួលបានប្រាក់៦០ភាគរយ ដោយក្នុងនោះម្ចាស់រោងចក្រ ចេញ៤០ភាគរយ ហើយរដ្ឋាភិបាលជួយចេញ២០ភាគរយ ពោលកម្មករម្នាក់ៗអាចនឹងទទួលបានប្រាក់ប្រមាណ១២០ដុល្លារ នៃប្រាក់ខែគោល១៩០ដុល្លារ ៕




