(ភ្នំពេញ)៖ ទឹកប្រាក់ចំនួនប្រមាណ២៨០០លានដុល្លាសហរដ្ឋអាមេរិក ត្រូវពលករខ្មែរចំនួនប្រមាណជាង១លាន២សែននាក់ ដែលធ្វើការនៅក្រៅប្រទេសបានផ្ញើមកក្រុមគ្រូសារខ្លួននៅកម្ពុជា។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០១៩នេះ ពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេសមាន ចំនួន ១,២៨៨,០០០នាក់។ ក្នុងចំណោមពលករទាំងអស់ភាគច្រើន គឺបម្រើការងារនៅប្រទេសថៃ ហើយចំនួនពលករដែលចេញទៅធ្វើការនៅក្រៅប្រទេសនៅក្នុងឆ្នាំ២០១៩នេះ មានការកើនឡើងប្រមាណ៥ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០១៨កន្លងមក។
លោក ហេង សួរ បានថ្លែងបន្តថា ការចេញទៅធ្វើការនៅក្រៅប្រទេសរបស់ពលករខ្មែរយើង បានផ្ញើប្រាក់មកកាន់ក្រុមគ្រួសារនៅក្នុងប្រទេស ជិត២,៨០០លានដុល្លារ ជារៀងរាល់ឆ្នាំ។ ការផ្ញើប្រាក់ដ៏ច្រើនគំហ៊ុកនេះបានធ្វើឲ្យកម្រិតជីវភាពរបស់ក្រុមគ្រូសារពួកគេ កាន់តែមានភាពល្អប្រសើរឡើងផងដែរ។
អ្នកនាំពាក្យក្រសួងការងាររូបនេះក៏បានធ្វើការអះអាងផងដែរថា មានពលករខ្មែរភាគតិច ដែលចង់ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ព្រោះតែលុយនៅប្រទេសម៉ាឡេស៊ីចុះថោក នៅពេលដែលការងារកាន់តែសម្បូរបែបនៅប្រទេសកម្ពុជាហើយ ប្រាក់បៀវត្សអប្បបរមា នៅប្រទេសកម្ពុជាក៏ខ្ពស់ប្រហាក់ប្រហែលនឹងប្រទេសជិតខាងយើងផងដែរ៕