រាជធានីភ្នំពេញ៖ ក្រុមប្រជាពលរដ្ឋ អស់ជំនឿលើសមត្ថភាពប៉ុស្ដិ៍នករបាលចោមចៅទី១ ដែលជនសង្ស័យម្នាក់ បានធ្វើសកម្មភាពគាស់ទ្វាររថយន្តលួចទ្រព្យសម្បត្តិមានតម្លៃ ត្រូវប្រទះឃើញនាំគ្នាព័ទ្ធចាប់បានរួចប្រគល់ឲ្យសមត្ថកិច្ចនាំទៅចាត់ការតាមផ្លូវច្បាប់។ តែមិនដឹងថា កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅ១ យាមកាមយ៉ាងមេច ស្រាប់តែបណ្តោយឲ្យជនសង្ស័យរត់គេចខ្លួនយ៉ាងរំភើយ។

ពលរដ្ឋនៅមូលដ្ឋានខាងលើ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០ មានជនសង្ស័យម្នាក់បានធ្វើសកម្មភាពគាស់ទ្វាររថយន្តលួចទ្រព្យសម្បត្តិរបស់ ប្រជាពលរដ្ឋ នៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ តែត្រូវម្ចាស់ទ្រព្យប្រទះឃើញទាន់ ក៏ស្រែកផ្អើលឆោឡោដល់អ្នកជិតខាងជួយព័ទ្ធចាប់ជនសង្ស័យបាន រួចប្រគល់ឲ្យកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ១ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ប្រភពបន្តថា លុះដល់វេលាយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ មិនដឹងជា បងប៉ូលិសយាមកាមយ៉ាងដូចម្តេច ស្រាប់តែជនសង្ស័យលួចរត់ចេញពីប៉ុស្តិ៍បាត់ដោយសុវត្ថិភាព ធ្វើពលរដ្ឋ ហួសចិត្តជាខ្លាំង មិនគួរណាប៉ូលិសប៉ុស្តិ៍ចោមចៅ១ ធ្វើការធ្វេសប្រហែសបែបនេះសោះ ដោយបណ្តែតបណ្តោយឲ្យជនសង្ស័យដែលប្រជាពលរដ្ឋខំចាប់នោះ រត់គេចខ្លួនបាន។ ពលរដ្ឋមានចម្ងល់ថា ប៉ុស្ដិ៍នគរបាលដែលមានតួរនាទីការពារសុវត្ថិភាពពលរដ្ឋនៅមូលដ្ឋាន ទាំងមូល ចុះហេតុអ្វីបានជាបណ្ដោយឲ្យចោររត់រួចដោយសុវត្ថិភាពបែបនេះ ឬមានអ្វីនៅពីក្រោយរឿងនេះ ពលរដ្ឋសំណូមពរដល់ថ្នាក់ដឹកនាំ ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងនគរបាលរាជធានីភ្នំពេញ មេត្តាពិនិត្យមើលករណីនេះផង។

ជុំករណីករណីនេះដែរ ក្រុមការងារសារព័ត៌មាន FNA មិនអាចសុំការបំភ្លឺពីលោកមេប៉ុស្ដិ៍រដ្ឋបាលចោមចៅ១ បាននៅឡើយទេដោយទូរស័ព្ទចូល គាត់ប្រាប់ថារវល់ការងារសំខាន់ រួចក៏បិទវិញយ៉ាងតក់ក្រហល់៕