ភ្នំពេញ៖ នាយកតាក់ស៊ី ដែលជាតារាកំប្លែង មួយរូប របស់ស្ថានីយ៍ទូរទស្សន៍ CTN ដែលបានលេងលះ នាងភីម ជាប្រពន្ធស្របច្បាប់ ដែលមានចំណងដៃកូនប្រុសម្នាក់ មិនទាន់បានប៉ុន្មាន ផង ដែលមហាជនកំពុងមានចម្ងល់គ្រប់គ្នានោះ ស្រាប់តែពេលថ្មីនេះៗ នាយតាក់ស៊ី បានដឹកដៃ គូរស្នេហ៍ថ្មី ទិញឡានឡុចស៊ីស ៣៣០ថ្មីស្រឡាងមួយគ្រឿង ដើម្បីអបអរថ្ងៃមង្គលរបស់ខ្លួនផងនោះ។
ការប្រកាសដោយបើកចំហ គ្មានការលាក់លៀម ឬបិទបាំងភ្នែកមហាជនពីសំណាក់តារាកំប្លែងនាយ តាក់ស៊ី នេះ មិនត្រឹមតែធ្វើឲ្យទស្សនិកជន ឬអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍នោះទេ គឺនាយថែមទាំងបញ្ចេញឲ្យបានឃើញនូវមុខមាត់ពិតរបស់នារីគូស្នេហ៍យ៉ាងក្លាហានទៀតផង។ ផ្អែកតាមការរៀបរាប់របស់នាយ តាក់ស៊ី បាននិយាយថា សូមបញ្ជាក់ថា ភរិយារបស់ខ្ញុំនេះ គឺជាភរិយាមែនទែន ពុំមែនជាការសម្តែងនោះទេ ហើយយើងនឹងរៀបអាពាហ៍ពិពាហ៍នៅពេលខាងមុខឆាប់ៗនេះ។
នាយបន្តថា រវាងទំនាក់ទំនងស្នេហានេះគឺបានស្គាល់គ្នាគ្រាដែលនាយកំពុងធ្លាក់ខ្លួនជួបការលំបាក ហើយត្រូវបាននារីម្ចាស់បេះដូងរូបនោះ តែងតែមកលើកទឹកចិត្ត និងជួយយកអាសាមើលថែជាបន្តបន្ទាប់។ នាយ តាក់ស៊ី និងអនាគតភរិយាក្រោយរូបនេះ បានបន្តថា គិតមកទល់ពេលនេះ មានរយៈពេល៥ឬ៦ខែហើយ ដែលចាប់ផ្តើមស្រលាញ់យល់ចិត្តគ្នា ខណៈដំបូងឡើយ គ្រាន់តែរាប់អានបែបធម្មតាប៉ុណ្ណោះ តែជានិស្ស័យក៏បានធ្វើឲ្យពួកគេចាប់ផ្តើមស្រលាញ់គ្នាតែម្តង។ នាយ តាក់ស៊ី បាននិយាយបន្ថែមទៀតថា ភរិយាក្រោយនេះគឺមានអាយុ៣៩ឆ្នាំ មានស្រុកកំណើតនៅក្រុងបាវិត ខេត្តស្វាយរៀង ខណៈដែលនាយនិងគូស្នេហ៍រូបនេះ ត្រៀមចូលរោងការនាពេលឆាប់ៗខាងមុខនេះផងដែរ។
ក្រៅពីការប្រកាសបើកចំហពីចំណងស្នេហាថ្មី តារាកំប្លែងនាយ តាក់ស៊ី ក៏គេសង្កេតឃើញកាន់តែប្រែជីវភាពថ្មី ស្រស់ថ្លារីកមុខដូចគ្រាប់ជីតាមរយៈការចំណាយលុយខ្ទង់រាប់ម៉ឺនដុល្លារទិញកាដូចំណងដៃរថយន្តលិចស៊ីស៣៣០ត្រៀម អបអរថ្ងៃអាពាហ៍ពិពាហ៍។ រថយន្តថ្មីនេះត្រូវបាននាយ តាក់ស៊ី បញ្ជាក់ថា ជាការទិញបង់រំលស់ ដោយកក់មុនចំនួនតែ១៥ភាគរយប៉ុណ្ណោះ ហើយសល់ប៉ុន្មានទៀតត្រូវបង់រំលស់ប្រចាំខែ៕





