ភ្នំពេញ៖ នៅទីបំផុតស្រ្តីជាម្ដាយទារិការអាយុ៥ខែ ដែលស្លាប់នៅមន្ទីរពេទ្យរុស្សីកាលពីពេលថ្មៗនេះ ហើយដែលត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន២ឆ្នាំពីបទជួញដូសារធាតុញៀន ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
បើយោងតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការសិទ្ធិមនុស្សបានបង្ហាញថា  ក្រោយពីបានទទួលព័ត៌មាន ស្តីពីការស្លាប់របស់ទារិកាអាយុ៥ខែ ដែលរស់នៅជាមួយម្តាយ នៅមណ្ឌលអប់រំកែប្រែទី២ (ម២) នៅមន្ទីរពេទ្យរុស្សី ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ក្រុមការងារចុះធ្វើការស៊ើបអង្កេតដោយផ្ទាល់នៅនឹងកន្លែង និងសម្រេចផ្តល់នូវមេធាវីការពារក្តី តាមការស្នើសុំរបស់ស្រ្តីជាប់ឃុំ ដែលជាម្តាយទារិកា ដោយឥតគិតថ្លៃ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ។
សេចក្តីប្រកាស់របស់គណកម្មាធិការសិទ្ធិមនុស្សបានបន្តថា ក្រោមកិច្ចអន្តរាគមន៍ជំនួយផ្នែកច្បាប់របស់ក្រុមមេធាវីសិទ្ធិមនុស្ស តុលាការបានបើកសវនាការលើសំណុំរឿងនេះ និងប្រកាសសាលក្រមជាសាធារណៈនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដោយសម្រេចផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារកំណត់រយៈពេល២ឆ្នាំ ដោយឱ្យអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ៨ខែ ១០ថ្ងៃ ហើយទោសដែលនៅសល់ត្រូវអនុវត្តទោសព្យួរធម្មតា ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។


បើតាមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រោមកិច្ចអន្តរាគមន៍ និងសម្របសម្រួលពីក្រុមមេធាវីជាមួយតំណាងអយ្យការ និងពន្ធនាគារ ថ្ងៃនេះស្រ្តីជាប់ឃុំត្រូវបានដោះលែងឱ្យមានសេរីភាព ដោយទោសក្នុងពន្ធនាគារ រយៈពេល ៨ខែ ១០ថ្ងៃ ត្រូវបានអនុវត្តចប់ ដោយគិតចាប់ពីថ្ងៃដែលឃុំខ្លួន ហើយទោសដែលនៅសល់ត្រូវបានព្យួរ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានសម្តែងស្វាគមន៍នូវការសម្រេចរបស់តុលាការ និងសូមថ្លែងអំណរគុណ ដល់គ្រប់ភាគីពាក់ព័ន្ធ រួមមាន ពន្ធនាគារ ស្ថាប័នអយ្យការ និងតុលាការ ដែលបានផ្តល់នូវកិច្ចសហការ តាមការស្នើសុំរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងដំណើរការនៃការស៊ើបអង្កេត និងការពន្លឿនដំណើរការនៃសំណុំរឿងតាមនីតិវិធីច្បាប់។
គួបញ្ជាក់ថា  ទារិការដែលមានវ័យ៥ខែម្នាក់រស់នៅជាមួយម្ដាយក្នុងពន្ធនាគារព្រៃសរ «មណ្ឌលអប់រំកែប្រែទី២» បានស្លាប់កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ។ អង្គការលីកាដូបានបង្ហាញថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ទារកអាយុ៥ខែ បានរងរបួសជាទម្ងន់ដោយបាក់ឆ្អឹងភ្លៅ។ តែមិនទាន់មានភាពច្បាស់លាស់អំពីរឿងហេតុដែលនាំឱ្យក្មេងស្រីរងរបួសនោះទេ។ការស្លាប់ដ៏ខ្លោចផ្សារនេះបង្ហាញពី តម្រូវការចាំបាច់សម្រាប់អាជ្ញាធរក្នុងការផ្ដល់អាទិភាពសិទ្ធិនៅក្រៅឃុំបណ្ដោះអាសន្នសម្រាប់ស្ត្រីដែលមានកូនតូចនៅជាមួយ។
ស្រ្តីជាម្ដាយក្មេងស្រីរងគ្រោះ ដែលមានផ្ទៃពោះ៨ខែទៅហើយនោះ ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃសរបណ្ដោះអាសន្នរង់ចាំសវនាការកាត់ទោស កាលពីពាក់កណ្ដាលឆ្នាំ២០១៩ បន្ទាប់ពីនាងរងការចោទប្រកាន់ពីអាជ្ញាធរថា បានកាន់កាប់កញ្ចប់ថ្នាំញៀនប្រភេទមេតាហ្វេតាមីន ដែលមានតម្លៃត្រឹមតែមួយម៉ឺនរៀលឬ ២.៥ដុល្លារប៉ុណ្ណោះ។ ស្រ្តីជាប់ចោទរូបនេះគ្មានមេធាវីនឹងមិនត្រូវបានផ្ដល់មេធាវីឲ្យការពារក្ដីនោះទេ ហើយក៏មិនបានដឹងពីសិទ្ធិក្នុងការស្នើសុំនៅក្រៅឃុំផងដែរ៕