កង់បេរ៉ា៖ បើទោះបីជាធនាគារ ANZ អូស្រា្តលី បាកដកខ្លួនចេញពីកម្ពុជាទៅហើយក្ដី ក៏ប៉ុន្តែនៅទីបំផុតធនាគារនេះ បានយល់ព្រមផ្ដល់កញ្ចប់ថវិការមួយចំនួន ដើម្បីជាសំណងទៅលើជនរងគ្រោះដីធ្លីនៅខេត្តកំពង់ស្ពឺ ដែលត្រូវក្រុមហ៊ុនស្ករសបណ្ដេញចេញ បន្ទាប់ពីធនាគារនេះកាលពីឆ្នាំ២០១១ បានផ្ដល់ប្រាក់កម្ចីចំនួន៤០លានដុល្លារ ដល់ក្រុមហ៊ុនស្ករស លោកឧកញ៉ា លី យ៉ុងផាត់ (Phnom Penh Sugar) សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ។
បើយោងតាមការចុះផ្សាយរបស់វិទ្យុសំលេងសហរដ្ឋអាមេរិកជាភាសាខ្មែរ «VOA» កាលពី យប់មិញបានឲ្យដឹងថា កិច្ចព្រមព្រៀងនេះកើតឡើងរយៈពេល៥ឆ្នាំ ក្រោយអង្គការសមធម៌កម្ពុជា (EC) និងអង្គការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្នអន្តរជាតិ (Inclusive Development International) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានដាក់បណ្តឹងមួយក្នុងនាមជាតំណាងរបស់គ្រួសារដែលទទួលរងផលប៉ះពាល់ចំនួនយ៉ាងតិច ១២០០គ្រួសារ ដាក់ទៅកាន់ស្ថាប័នទំនាក់ទំនងជាតិប្រទេសអូស្ត្រាលី សម្រាប់គោលការណ៍ណែនាំសម្រាប់សហគ្រាសពហុជាតិនៃអង្គការអូអ៊ីស៊ីឌី OECD។
វិទ្យុសំលេងសហរដ្ឋអាមេរិកបានបន្តថា សេចក្តីប្រកាសព័ត៌មានចុងក្រោយកាលពីថ្ងៃទី២៧ ខែកុម្ភៈ បានបញ្ជាក់ឲ្យដឹងអំពីការចរចារវាងភាគីពាក់ព័ន្ធនានាកាលពីថ្ងៃទី៧ ខែកុម្ភៈ ដែលបានពិភាក្សានិងព្រមព្រៀងគ្នាថា នឹងទទួលដោះស្រាយបញ្ហាលំបាករបស់ពលរដ្ឋ និងកែតម្រូវបញ្ហាសិទ្ធិមនុស្ស។ «ធនាគារ អេអែនហ្ស៊ិត (ANZ) ទទួលស្គាល់ចំពោះទុក្ខលំបាកដែលសហគមន៍ រងផលប៉ះពាល់បានប្រឈម ហើយបានយល់ព្រមថា នឹងចំណាយផលចំណេញដែលធនាគារបានទទួលចំណូលពីការផ្តល់ប្រាក់កម្ចី ទៅដល់សហគមន៍ដែលរងផលប៉ះពាល់ទាំងនោះ»។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា អង្គការសមធម៌កម្ពុជា និងអង្គការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្នអន្តរជាតិ (Inclusive Development International) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានស្វាគមន៍ចំពោះធនាគារអេអែនហ្ស៊ិត ដែលសម្រេចបរិច្ចាគកញ្ចប់ថវិកាចំពោះសហគមន៍ទាំងនោះ ហើយនិងការប្តេជ្ញារបស់ធនាគារដើម្បីពង្រឹងបទដ្ឋាននៃការគោរពសិទ្ធិមនុស្ស។
លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា បានថ្លែងថាបានថ្លែងប្រាប់ VOA ថា៖
«តាមរយៈការចរចានិងការសម្របសម្រួលធនាគារ ANZ មានការសម្រេចចិត្តថាបានផ្តល់មកវិញនូវប្រាក់ដែលខ្លួនបានទទួលពីការផ្តល់កម្ចីហ្នឹង មកឲ្យប្រជាពលរដ្ឋវិញទាំងអស់ បូកទាំងថ្លៃការប្រាក់ផ្សេងៗទៀត។ ហើយយើងមានការសាទររីករាយមែនទែន ចំពោះការសម្រេចចិត្តនេះ ដែលខាងប្រធានធនាគារ ANZ លោក Shayne Elliot គឺគាត់មានការប្តេជ្ញានៅក្នុងការផ្តល់នូវដំណោះស្រាយជូនប្រជាពលរដ្ឋ ដូចអ្វីដែលគាត់បានលើកឡើងទៅខាងគណៈកម្មការសភារបស់ប្រទេសអូស្ត្រាលីកន្លងមក។ ហើយយើងឃើញថា អ្វីដែលគាត់បានលើកឡើងគឺសមិទ្ធផលនេះត្រូវបានសម្រេច ហើយយើងសង្ឃឹមថា ការផ្តល់មូលនិធិនេះនឹងអាចជួយស្តារ ក៏ដូចជាបន្ធូរភាពលំបាករបស់ប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ»។
គេមិនទាន់ដឹងថា តើទឹកប្រាក់ចំនួនប៉ុន្មានលានដុល្លារដែលធនាគារ អេអែនហ្ស៊ិតដែលបានចាកចេញពីកម្ពុជានៅឆ្នាំថ្មីៗនេះ ដោយលក់ភាគហ៊ុនទៅឲ្យក្រុមហ៊ុនថ្មី J Trust Royal Bank ត្រូវផ្តល់ជាកញ្ចប់ថវិកាទេ។ ទោះជាយ៉ាងណាក៏ដោយ គេដឹងថាទឹកប្រាក់ដែលធនាគារនេះបានផ្តល់កម្ចីឲ្យក្រុមហ៊ុនស្ករ Phnom Penh Sugar គឺចំនួន៤០លានដុល្លារ៕






