តាកែវ៖ អភិបាលរងខេត្តតាកែវ លោក ខាន់ សុខា បានធ្វើការណែនាំដល់មន្រ្តីជំនាញ និងអភិបាលស្រុកជាប់ព្រំដែនទាំងអស់ ត្រូវរួមគ្នាទប់ស្ដាត់ និងត្រូវត្រួតពិនិត្យឲ្យបានម៉ត់ចត់ នូវការនាំចូលសត្វបក្សី ឬចំណីអាហារណាដែលផលិតចេញពីបក្សី ដើម្បីជៀសវាងកុំឲ្យមានការឆ្លងនូវជំងឺផ្ដាសាយបក្សីប្រភេត A/H5N1 ពីប្រទេសវៀតណាម។
ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានស្រុកជាប់ព្រំដែន នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ បានលើកឡើងថា ការផ្ទុះរាលដាលជំងឺឆ្លងសាយបក្សី លោកបានជំរុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងការទប់ស្កាត់ឲ្យខានតែបាន ជាពិសេសការនាំចូលសាច់សត្វ និងសត្វបក្សីរស់មកពីប្រទេសជិតខាង តាមច្រកព្រំដែននានាមានច្រកអន្តរជាតិ និងច្រករបៀងជាដើម ដើម្បីទប់ស្កាត់ជំងឺនេះឲ្យមានប្រសិទ្ធភាពខ្ពស់។
លោកបានបន្តថា មន្ត្រីជំនាញខាងផ្នែកបសុពេទ្យ ត្រូវធ្វើការផ្សព្វផ្សាយជូនម្ចាស់អាជីវកម្មឡរសត្តឃាត អាជីវករលក់សាច់សត្វ និងប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋ និងអ្នកចិញ្ចឹមសត្វទាំងអស់ឲ្យមានការយល់ដឹងការថែរក្សាអនាម័យឲ្យបានទៀងទាត់ ការអនុវត្តថ្នាំសម្លាប់មេរោគ។
ជាមួយគ្នានេះ លោក ខាន់ សុខា បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ សហការជាមួយអាជ្ញាធរព្រំដែនប្រទេសជិតខាង ចំពោះការនាំចូលសាច់សត្វចិញ្ចឹមគ្រប់ប្រភេទ មានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ មុននឹងនាំចូលមកក្នុងស្រុក បើមានកិច្ចការចាំបាច់ត្រូវមានការរាយការណ៍ជាបន្ទាន់ មកដល់មន្ត្រីជំនាញថ្នាក់ជាតិឲ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ដែរថា ជំងឺផ្ដាសាយបក្សី ប្រភេទ A/H5N1 គឺត្រូវបានចុះផ្សាយរបស់សារព័ត៌មានវៀតណាម កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅខេត្តត្រាវិញភាគខាងត្បូង ថាមានការផ្ទុះជំងឺផ្តាសាយបក្សីបង្កឡើងដោយវីរុសប្រភេទ A/H5N1 ហើយត្រូវបានកម្ទេចសត្វមាន់ប្រមាណជាង ៥៥ ០០០ក្បាល៕







